នាថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារអនុវត្តគម្រោងសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមពិពណ៌ស្តីពី អនុសញ្ញាផ្លូវដឹកជញ្ជូនពិភពលោក និងដំណើរការគ្រប់គ្រងផ្លូវនាវាចរណ៍ (World Transport Convention 2026) នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាសភាពចូលរួមមកពីបណ្តាប្រទេសសហគមន៍អឺរ៉ុប អាហ្រិក និងក្រុមអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។ ពិពណ៌នេះ ដើម្បី៖
- ចែករំលែក និងផ្សព្វផ្សាយ ស្តីពី អនុសញ្ញាផ្លូវដឹកជញ្ជូនពិភពលោក
- ចែករំលែកបទពិសោធន៍នៃដំណើរការគ្រប់គ្រងផ្លូវនាវាចរណ៍ និងការដឹកជញ្ជូនចែកចាយទំនិញនៅតាមកំពង់ផែ ផ្លូវទឹកក្នុងប្រទេសចិន
- ការងារសាងសង់ និងការអភិវឌ្ឍផ្លូវនាវាចរណ៍តាមបែបបទបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន និងការដោះស្រាយផលវិបាកនៃការកកស្ទះចរាចរណ៍ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស
- ការចែករំលែកបទពិសោធន៍លើការគ្រប់គ្រង បញ្ហា និងការដោះស្រាយស្តីពី គ្រោះធម្មជាតិ ច្បាប់ និងអនុសញ្ញាគ្រប់គ្រងផ្លូវទឹករបស់ភាគីសិក្ខាកាមចូលរួមដូចជា៖ កម្ពុជា បង់ក្លាដែស ម៉ាឡេស៊ី អាហ្វ្រិកខាងត្បូង និងការសាងសង់ផ្លូវដឹកជញ្ជូនថ្មី និងការកែលម្អបន្ថែមសម្រាប់ផ្លូវទឹកក្នុងតំបន់មួយចំនួនរបស់ប្រទេសចិន
- ការចុះទស្សនកិច្ចលើទីតាំងកំពង់ផែធានជីង៕
























