នាថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង តំណាងឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប រួមជាមួយលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប សហការជាមួយគ្រឹះស្ថានអង្គរ ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្ត មន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ កងកម្លាំង និងសមាគមកាណូតដឹកភ្ញៀវទេសចរណ៍ចុងឃ្នៀស ខេត្តសៀមរាប ដើម្បីចូលរួមចុះពិនិត្យទីតាំងស្នើសុំជីកស្តារព្រែក ដែលជាច្រកផ្លូវចរាចរណ៍កាណូតដឹកភ្ញៀវទេសចរណ៍ចេញ-ចូលទៅទស្សនាបឹងទន្លេសាប ស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប ១ ២៨៣ ម៉ែត្រ មានទទឹង ១៥ម៉ែត្រ និងជម្រៅ ២.៥ម៉ែត្រ។ ដើម្បីរួមចំណែកក្នុងការថែរក្សាការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងការធានាបាននូវលំហូរទឹកជំនន់ ក៏ដូចជាលំហូរផ្លូវទឹកសម្រាប់នាវាចរ និងសម្រាប់ប្រជាពលរដ្ឋធ្វើការនេសាទ និងប្រើប្រាស់ប្រចាំថ្ងៃ ក្រុមការងារបានសម្រេចជូនគ្រឹះស្ថានអង្គរ រៀបចំធ្វើផែនការឱ្យបានលម្អិតច្បាស់លាស់បែបលក្ខណៈបច្ចេកទេស ជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួចដាក់សំណើឆ្លងមកក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា តាមរយៈលិខិតលេខ៣៩៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី បានដកហូតទីតាំងវិនិយោគតំបន់ចុងឃ្នៀសនេះ ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន៕
















