Thursday, April 23, 2026

សកម្មភាព​បន្ត​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​

​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម ការពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព នា​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ វគ្គ​ផ្សព្វផ្សាយ​នេះ បាន​អញ្ជើញ​ចូលរួម​ពី​តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម តំណាង​រដ្ឋបាល​ស្រុក ព្រមទាំង​លោក លោកស្រី ជា​មេឃុំ ជំទប់​ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីនគរបាល​ប៉ុស្តិ៍ តំណាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ត្រពាំង​ចាន់ និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​
​សូម​ជម្រាបជូន​ថា វគ្គ​ផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​ផ្ដោត​សំខាន់ មាន ២​ចំណុច​៖
១. បង្កើន​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ ឱ្យមាន​ការចូល​រួមកា​រពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក
២. សំដៅ​ធានា​ឱ្យបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​។​
​ខ្លឹមសារ​សំខាន់​នៃ​វគ្គ​ផ្សព្វផ្សាយ​នេះ បានបង្ហាញ​ពី​សារៈសំខាន់​របស់​បឹង​ទន្លេសាប ព្រៃ​លិច​ទឹក រួម​នឹង​វិធានការ​ការពារ​ធនធាន​ធម្មជាតិ ដោយ​ការចូលរួម​ក្នុងការ​អនុវត្ត​ច្បាប់ បទបញ្ញត្តិ​នានា ដើម្បី​ធានា​ឱ្យបាន​នូវ​ការការពារ ថែរក្សា និង​គ្រប់គ្រង​ធម្មជាតិ ជីវចម្រុះ ធនធាន​ជលផល ព្រៃ​លិច​ទឹក​នៅ​តំបន់ទ្រនាប់ តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្សជាតិ ដែល​វា​បាន និង​កំពុង​គំរាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប បង្កឡើង​ដោយ កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ ក្មុង​នោះ​រួមមាន​សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​ការនេសាទ​ខុសច្បាប់ ជាដើម​។ ក្នុងនោះ បាន​រំលេច​នូវ​ខ្លឹមសារ​មួយចំនួន​ដែលមាន​ចែង​ក្នុង​ក្រម​បរិស្ថាន ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក ច្បាប់​ស្ដីពី​ជលផល និង​អនុក្រឹត្យ​លេខ ៨៣ អនក្រ​.​បក ស្តីពី​ការកំណត់​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើដី​រដ្ឋ ក្នុង​ដែនដី​តំបន់ទ្រនាប់​នៃ​ដែន​ព្រៃ​លិច​ទឹក តំបន់​២ ជុំវិញ​បឹង​ទន្លេសាប​។​
​សូមបញ្ជាក់​ជូន​ថា អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​បោះបង្គោល​កំណ​ត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍