នាថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចុះប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សូមជម្រាបជូនថា វគ្គផ្សព្វផ្សាយនេះមានគោលបំណងផ្ដោតសំខាន់ រួមមាន៖
១. បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក
២. សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ជូនថា វគ្គផ្សព្វផ្សាយ បានអញ្ជើញចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងរដ្ឋបាលស្រុក ព្រមទាំងលោក លោកស្រី ជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕









