នាថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារនៃអាជ្ញាធរទន្លេសាប បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រង់តំបន់ទេសភាពទំនាបទន្លេសាបខាងជើង ភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយទទួលការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ គោលបំណង នៃកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រងតំបន់ទេសភាពទំនាបទន្លេសាបខាងជើង ភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប។
លទ្ធផល នៃកិច្ចប្រជុំពិភាក្សា៖
- មានការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញក្រសួងបរិស្ថាន ស្តីពីនីតិវិធីនៃការរៀបចំការកំណត់បែងចែកតំបន់គ្រប់គ្រងតំបន់ការពារទេសភាពទន្លេសាបខាងជើង ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប
- បានពិភាក្សា ផ្តល់យោបល់ និងផ្តល់ជាធាតុចូលសំខាន់ៗ ក្នុងការកែតម្រូវចំណុចសំខាន់ៗមួយចំនួន នៃផែនទី និងទិន្នន័យដែលមន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើបទបង្ហាញ។
សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សាខាងលើរៀបចំដោយក្រសួងបរិស្ថាន ព្រមទាំងមានចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អាជ្ញាធរទន្លេសាប, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំប្រទេសកម្ពុជា, រដ្ឋបាលខេត្ត ស្រុក ឃុំ នៃខេត្តកំពង់ធំ និងខេត្តសៀមរាប, មន្ទីរបរិស្ថានខេត្តកំពង់ធំ និងសៀមរាប, មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត ដែលមានសមាសភាពសរុបចំនួន ២៨នាក់៕










