នាថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បន្តចុះសិក្សាស្រាវជ្រាវ តាមដាននិងវាយតម្លៃពីការកែច្នៃត្រី ស្ថិតនៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន និងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ដំណើរការចុះសិក្សានេះ ក្រុមការងារបានជួបជាមួយ៖
- អាជ្ញាធរដែនដីឃុំកំពង់ចិនត្បូង ដើម្បីសិក្សាស្វែងយល់ អំពី ស្ថានភាព ប្រសិទ្ធភាព និងសក្តានុពលនៃការកែច្នៃផលនេសាទ
- ធ្វើការសម្ភាសន៍ជាមួយប្រជាជនដែលមានមុខរបរកែច្នៃ អំពីបច្ចេកទេស និងប្រភេទនៃការកែច្នៃ
- សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីកែច្នៃ ការប្រមូលទិញផលិតផលកែច្នៃ និងចរន្តទីផ្សារ ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីការកែច្នៃត្រី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖ - តាមដានបរិមាណត្រីស្រស់ និងប្រភេទត្រីនៃការកែច្នៃ តំបន់ជុំវិញបឹងទន្លេសាប
- បច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ
- សិក្សាពីចរន្តទីផ្សារ
- សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដែលពាក់ព័ន្ធ៕












