នាថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ណៅ ណាតា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានដឹកនាំក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ ចុះសិក្សាស្រាវជ្រាវ តាមដានវាយតម្លៃពីបរិមាណផលចាប់ធនធានត្រី ជីវចម្រុះគ្រប់ប្រភេទ និងសិក្សាការធ្វើវារីវប្បកម្ម នៅភូមិព្រែកទាល់ ភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ និងភូមិថ្វាង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្រុមការងារចុះសិក្សាមានគោលបំណងសំខាន់ៗដូចជា៖
- សិក្សាតាមដានបរិមាណផលចាប់ដែលធ្វើអាជីវកម្មនៅតាមច្រកឡើងត្រីសំខាន់ៗ និងធ្វើបច្ចុប្បន្នភាពកន្លែងបែងចែកផលនេសាទ
- សិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទសំខាន់ៗ
- តាមដានលើស្ថិតិអ្នកចិញ្ចឹមត្រី
- សិក្សាបច្ចេកទេសនៃការចិញ្ចឹម ចរន្តទីផ្សារ និងវិភាគលើសេដ្ឋកិច្ចនៃការចិញ្ចឹម
- សិក្សាចរន្តទីផ្សារ តម្លៃទីផ្សារ ផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
១. អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
២. សម្ភាសន៍ជាមួយអ្នកនេសាទ និងអ្នកចិញ្ចឹមត្រី
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី និងតាមដានតម្លៃទីផ្សារត្រី។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដានវាយតម្លៃពីបរិមាណផលចាប់ធនធានត្រី ជីវចម្រុះគ្រប់ប្រភេទ និងសិក្សាការធ្វើវារីវប្បកម្ម គឺជាសកម្មភាពក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕













