នាថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាថ្នាក់ជាតិលើកទី១ “លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំបច្ចេកទេស ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី ប្រកបដោយចីរភាពសម្រាប់កសិកម្ម និងសេចក្តីព្រាងទី១នៃការអនុវត្តផែនការសកម្មភាព” ដែលបានដឹកនាំសម្របសម្រួលដោយ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពី ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, អាជ្ញាធរទន្លេសាប និងមានការសម្របសម្រួលធ្វើបទបង្ហាញដោយ មន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងអ្នកជំនាញការជាតិ។
គោលបំណង នៃសិក្ខាសាលាថ្នាក់ជាតិនេះគឺ៖
- ដើម្បីពិនិត្យ និងស្វែងរកការឯកភាពពីប្រទេសជា សមាជិកលើសេចក្តីព្រាងចុងក្រោយនៃសេចក្តីណែនាំបច្ចេកទេស ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្រោមដីប្រកបដោយចីរភាពសម្រាប់កសិកម្ម (SGUMA)
- ដើម្បីប្រមូល និងទទួលយកមតិយោបល់លើសេចក្តីព្រាងទី១ នៃផែនការអនុវត្ត ២០២៦-២០៣០៕











