នាថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដោយមានការចូលរួមពីលោក មុត ម៉េង អភិបាលរងស្រុកជលគិរី តំណាងលោកអភិបាល នៃគណ:អភិបាលស្រុក បានសហការចុះប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះដែរ មន្ត្រីការិយាល័យសម្របសម្រួលវិវាទ ក៏បានជួបពិភាក្សាសិក្សាស្វែងយល់ពីវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ ជាមួយមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធរបស់រដ្ឋបាលសាលាស្រុកជលគីរី ផងដែរ។
សូមបញ្ជាក់ជូនថា វគ្គផ្សព្វផ្សាយនេះ បានអញ្ជើញចូលរួមពី តំណាងលោកអភិបាលរងស្រុក ព្រមទាំងលោក លោកស្រី ជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ដោយឡែក វគ្គផ្សព្វផ្សាយនេះ មានគោលបំណងផ្ដោតសំខាន់ រួមមាន៖
ទី១. បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក
ទី២. សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាបប្រកបដោយនិរន្តរភាព៕











