កាលពីថ្ងៃអាទិត្យ ១៣កើត ដល់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំនាញបច្ចេកទេស អនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន បានបន្តចុះពិនិត្យ និងវាយតម្លៃទីតាំងស្ថានីយជលសាស្ត្រ-ឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីបញ្ចប់ទៅតាមផែនការគ្រោងទុកឱ្យទាន់ពេលវេលា សម្រាប់ការងាររៀបចំរបាយការណ៍ បច្ចេកទេសលម្អិត និងពិភាក្សារួមគ្នាជាមួយភាគីចិនក្នុងការកសាងសេចក្តីព្រាងសំណើសុំគម្រោងរួមគ្នា គោរពជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេចនាពេលខាងមុខនេះ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំនាញបច្ចេកទេស អនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋប្រជាមានិតចិន បានចុះពិនិត្យ និងវាយតម្លៃទីតាំងស្ថានីយជលសាស្ត្រ-ឧតុនិយមស្វ័យប្រវត្តិ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង រួចរាល់ហើយ។
សូមបញ្ជាក់ថា ការចុះពិនិត្យ និងវាយតម្លៃទីតាំងស្ថានីយជលសាស្ត្រ-ឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ក៏មានការជួបពិភាក្សាផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក-ខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្ត ដើម្បីឱ្យការចុះពិនិត្យ វាយតម្លៃទីតាំង និងប្រមូលព័ត៌មានទទួលបានភាពជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕














