កាលពីថ្ងៃអង្គារ ៩រោច ដល់ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំនាញបច្ចេកទេស អនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន បានចុះពិនិត្យ និងវាយតម្លៃ ទីតាំងដំឡើង ស្ថានភាពឧបករណ៍បំពាក់លើស្ថានីយជលសាស្ត្រ-ឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ការចុះពិនិត្យ និងវាយតម្លៃទីតាំងស្ថានីយជលសាស្ត្រ-ឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ក្រុមការងារអាជ្ញាធរទន្លេសាប បានជួបពិភាក្សាការងារផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក-ខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីប្រមូលព័ត៌មានទិន្នន័យ មតិយោបល់ អនុសាសន៍ ជាពិសេសទទួលបានព័ត៌មានពីផែនការអនុវត្តក្នុងមូលដ្ឋាន ដែលជាធាតុចូលដ៏សំខាន់ ជាមូលដ្ឋានសម្រេចចិត្តសម្រាប់ក្រុមការងារ ធ្វើការចុះពិនិត្យ វាយតម្លៃទីតាំងចំគោលដៅ និងប្រមូលទិន្នន័យព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបានតាមផែនការគ្រោងទុក ទាន់ពេលវេលា សម្រាប់ការងាររៀបចំរបាយការណ៍បច្ចេកទេសលម្អិត និងការកសាងសេចក្តីព្រាងសំណើសុំគម្រោងរួមគ្នា ដាក់ជូនថ្នាក់ដឹកនាំគាំទ្រ និងសម្រេចនាពេលខាងមុខនេះ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹក និងគណៈប្រតិភូ ព្រមទាំងក្រុមការងារមន្ត្រីបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនៈកិច្ចសិក្សា នៅព្រះរាជាណាចក្រកម្ពុជា។ ដោយឯកឧត្តមបានអញ្ជើញមកទស្សនៈកិច្ចនៅលេខាធិកាដ្ឋានអាជ្ញាធរទន្លេសាទ ចុះពិនិត្យទីតាំងស្ថានីយជលសាស្ត្រ-ឧតុនិយមស្វ័យប្រវត្តិក្រោមគម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង នៅស្ថានីយជលសាស្ត្រកំពង់ថ្កូវ ស្រុកក្រឡាញ់ និងបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀស និងបារាយទឹកថ្លា នៃខេត្តសៀមរាប។
ស្របពេលដំណើរទស្សនៈកិច្ចនេះផងដែរ អាជ្ញាធរទន្លេសាប បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង (TSA-LMC) និងចុះអនុស្សរណៈយោគយល់គ្នា ជាមួយវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង (TSA-NHRI) និងកម្មវិធីចុះហត្ថលេខាប្រគល់ទទួលស្ថានីយ និងសម្ភារៈឧបករណ៍នៃគម្រោងកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរទន្លេសាប ជាមួយវិទ្យាស្ថានស្រាវជ្រាវណានជីងផ្នែកជលសាស្ត្រ និងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការអភិរក្សទឹក (TSA-NIHWA)៕



















