Saturday, October 3, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​បញ្ចប់​លើ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​កំណត់​ផ្ទៃដី​តំបន់​៣ និង​ការកំណត់​ព្រំ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​

​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ព្រឹក​ថ្ងៃ​សុក្រ ២​រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​បញ្ចប់​លើ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​កំណត់​ផ្ទៃដី​តំបន់​៣ និង​ការកំណត់​ព្រំ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​។​
​កិច្ចប្រជុំ​នេះ អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួង​ធនធានទឹក​និង​ឧតុនិយម អភិបាលរង​ទទួលបន្ទុក​នៃ​គណៈ​អភិបាលខេត្ត មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប ថ្នាក់ដឹកនាំ​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រ អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន ៣០​នាក់​។​
​សូម​ជម្រាបជូន​ថា បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៦ អង្គប្រជុំ​បានសម្រេច​ឯកភាព​ជូន​អាជ្ញាធរ​ទន្លេសាប រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​កំណត់​ផ្ទៃដី​តំបន់​៣ និង​កំណត់​ព្រំ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដើម្បី​ដាក់​ប្រជុំពិភាក្សា​សម្រេច​ចុងក្រោយ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នេះ និង​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​៕

ព័ត៌មាន និងព្រឹត្តិការណ៍