នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ពន្ធ័រួមមាន តំណាងមកពីក្រសួងមហាផ្ទៃ អភិបាលរងខេត្តសៀមរាប ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ខណ្ឌរដ្ឋបាលជលផល មន្ទីរ អង្គភាពជំនាញ តំណាងអាជ្ញាធរក្រុងសៀមរាប ចៅសង្កាត់ជ្រាវ តំណាងសហគមន៍នេសាទចុងឃ្នៀស និងតំណាងអតីតសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ដើម្បីរៀបចំនីតិវិធីកែសម្រួលឈ្មោះរួមបញ្ជូលគ្នា កិច្ចដំណើរការអនុវត្ត និងរចនាសម្ព័ន្ធគ្រប់គ្រង របស់អតីតសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សារៀបចំអំពីកិច្ចដំណើរការអនុវត្ត និងរចនាសម្ព័ន្ធគ្រប់គ្រងឱ្យមាននិរន្តរភាព សុខដុមនីយកម្ម ឈានទៅកសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព សំដៅអភិរក្សនិងអភិវឌ្ឍន៍ធនធានធម្មជាតិតំបន់ចុងឃ្នៀស-បឹងពារាំង ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមចំណែកលេីកកម្ពស់អេកូទេសចរណ៍ធម្មជាតិប្រកបដោយចីរភាព និងភាពទាក់ទាញ ៕























