Friday, May 1, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អចិន្ត្រៃយ៍ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​សម្របសម្រួល​សិក្ខាសាលា ស្តីពី ទំនាក់ទំនង​ការប្រើប្រាស់​បច្ចេកទេស​វិទ្យា​បញ្ញា​សិប្បនិម្មិត AI និង​ការគ្រប់គ្រង​ទឹក សម្រាប់​គាំទ្រ​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង​សន្តិសុខ​ទឹក​ក្នុង​បឹង​ទន្លេសាប​

​នា​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អចិន្ត្រៃយ៍​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ការអនុវត្ត​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារពិភពលោក បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​សិក្ខាសាលា ស្តីពី​ទំនាក់ទំនង​ការប្រើប្រាស់ បច្ចេកទេស​វិទ្យា​បញ្ញា​សិប្បនិម្មិត AI ( សម្រាប់​ការគ្រប់គ្រង​ទន្លេសាប និង​គោលនយោបាយ​ទឹក Co-Creation Workshop for initiative and AI for Water governance Concepts) ដោយ​ទទួលបាន​កិច្ចសហការ​រៀបចំ ពី​ក្រុមការងារ​បច្ចេកទេសរ​បស់​ធនាគារពិភពលោក នៅ Atom Vattanac Tower​។ សមាសភាព​សិក្ខាកាម អញ្ជើញ ចូលរួម​មកពី​តំណាង​ក្រសួង ស្ថាប័ន​បច្ចេកទេស​ជំនាញ​សំខាន់ៗ ជា​សមាជិក​របស់​អាជ្ញា​ធរ​ទន្លេសាប និង​មន្ត្រី​របស់​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​។
​សូម​ជម្រាបជូន​ថា សិក្ខាសាលា​នេះ បានបង្ហាញ និង​ពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​៖
១- កំណែទម្រង់​ទិន្នន័យ និង​បញ្ហា​សិប្បនិម្មិត AI សម្រាប់​អាជ្ញាធរ​ទន្លេសាប និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​
២- ចែករំលែក​ការយល់ដឹង​ពី​បញ្ហា​ទន្លេសាប ដូចជា បរិមាណ គុណភាព​ទឹក និង​អភិបាលកិច្ច​ធនធានទឹក​
៣- ការបង្ហាញ​អំពី​ខ្សែសង្វាក់​តម្លៃ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​សប្ប​និម្មិត AI អភិបាលកិច្ច​ទឹក (​ការរួមបញ្ចូល​ទិន្នន័យ ស្ថាបត្យកម្ម និង​ការវិភាគ​)​។​
​សូមបញ្ជាក់​ជូន​ថា អាជ្ញាធរ​ទន្លេសាប បាននិងកំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារពិភពលោក ស្ថិតក្រោម​កម្មវិធី​គម្រោង​វាយតម្លៃ​សន្តិសុខ​ទឹកទន្លេ​សាប និង​បាន​កំពុងតែ​រៀបចំ​កសាង​ឯកសារ​សំខាន់ៗ រួមមាន ៖ (១). របាយការណ៍ ស្តីពី​ស្ថានភាព​អាង​ទន្លេសាប​, (២). ការវាយតម្លៃ​សន្តិសុខ​ទឹកទន្លេ​សាប និង (៣). សេចក្តី​សង្ខេប​គោលនយោបាយ​៕

ព័ត៌មាន និងព្រឹត្តិការណ៍