រសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅសាលប្រជុំអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសទីតាំងដំឡើងស្ថានីយស្វ័យប្រវត្តិជលសាស្ត្រ ឧតុនិយម និងគុណភាពទឹកនៅតំបន់ទន្លេសាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាននៃអាជ្ញាធរទន្លេសាប មន្ត្រីបច្ចេកទេសតំណាងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយម តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ ជុំវិញតំបន់ទន្លេសាប ព្រមទាំងមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា អាជ្ញាធរទន្លេសាប ដោយមានកិច្ចសហប្រតិបត្តិការជាមួយភាគីវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងឧតុនិយម នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តធ្វើការសិក្សាស្រាវជ្រាវរួមគ្នាជាមួយអាជ្ញាធរទន្លេសាប ហើយកិច្ចប្រជុំនេះ ដើម្បីពិនិត្យលើស្ថានភាពភូមិសាស្ត្រតំបន់អាងទន្លេសាប ក្នុងការដំឡើងស្ថានីយថ្មីៗបន្ថែមទៀតតាមតម្រូវការជាក់ស្តែង បន្ថែមពីលើស្ថានីយដែលមានស្រាប់ចំនួន ៨ទីតាំង និងទទួលធាតុចូលពីអង្គភាពជំនាញពាក់ព័ន្ធក្នុងសិក្សាលើកសំណើគម្រោងជូនភាគីចិន ពិនិត្យ ពិភាក្សា និងអនុម័តគម្រោងរួមគ្នា៕
















