អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលតាមរយៈលិខិតលេខ ១៨៨ សជណ.ដប ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប រួមជាមួយលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំ អង្គភាពជំនាញពាក់ព័ន្ធ តំណាងរដ្ឋបាលស្រុក ភូមិបាលស្រុក អាជ្ញាធរភូមិឃុំ នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីចុះពិនិត្យការកំណត់ និងការផ្ទៀងផ្ទាត់និយាមកាសម្រាប់បោះបង្គោលព្រំតំបន់កាត់ឆ្វៀល (តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
សូមបញ្ជាក់ជូនថា ការងារបោះបង្គោលជំហាន១ បង្គោលព្រំតំបន់៣ ក្នុងឆ្នាំ២០២៤ នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប បានបញ្ចប់ចំនួន:១២២៤ បង្គោល និងការងារបោះបង្គោលជំហាន២ បង្គោលព្រំតំបន់កាត់ឆ្វៀល ក្នុងឆ្នាំ២០២៥ ស្ថិតនៅខេត្តកំពង់ឆ្នាំង និងផ្នែកខ្លះនៃខេត្តកំពង់ធំ ចំនួន: ៩១៦ បង្គោល ហេីយក្នុងឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលជំហាន២ បន្ត បង្គោលព្រំតំបន់កាត់ឆ្វៀល តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចំនួន: ១៣០០ បង្គោល។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារថែរក្សាធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹកនៅក្នុងតំបន់៣ដែលជាព្រៃសម្រាប់ទ្រទ្រង់ជីវិតបឹងទន្លេសាប, ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប តែងតែណែនាំជាប្រចាំ អោយចាត់ក្រុមការងារចុះពិនិត្យតាមដាននៅខេត្តជុំវិញបឹងទន្លេសាប ដើម្បីចូលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដែលតែងកើតមាននៅតំបន់ជុំវិញបឹងទន្លេសាប៕
















