នាព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃផែនការសកម្មភាពអនុវត្តឆ្នាំ២០២៥ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវាយតម្លៃផែនការសកម្មភាពអនុវត្តឆ្នាំ២០២៥ និងពិភាក្សាផ្តល់យោបល់ណែនាំបន្ថែមទៅលើសកម្មភាពទិសដៅផែនការសកម្មភាពឆ្នាំ២០២៦ ដើម្បីស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធាន ពិនិត្យអនុម័តដាក់ឱ្យដំណើរការអនុវត្តរួម ជាផែនការ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឆ្នាំ២០២៦។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការណែនាំឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូល និងភារកិច្ចចំពោះមុខដែលថ្នាក់ដឹកនាំប្រគល់ជូននាយកដ្ឋាន និងជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារដោយយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងផែនការសកម្មភាពរបស់ខ្លួនឱ្យទទួលបានជោគជ័យ ពង្រឹងប្រសិទ្ធភាពការងារបន្តរក្សាសាមគ្គីភាព សុខដុមនីយកម្មក្នុងអង្គភាព៕












