នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានបន្តដឹកនាំក្រុមការងារសហការជាមួយ ក្រុមការងារធនាគារពិភពលោក WB (ICEM, DFAT AWP) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លេីសេចក្តីព្រាងរបាយការណ៍ស្តីពី “សន្តិសុខទឹកអាងទន្លេសាប” ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ជាមួយអាជ្ញាធរមូលដ្ឋានខេត្ត មន្ទីរជំនាញ និងស្រុកពាក់ពន្ធ័ នៅសាលប្រជុំខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំពិភាក្សានេះ ដេីម្បី៖
១. បង្ហាញលទ្ធផលនៃសេចក្តីព្រាងរបាយការណ៍ ស្ថានភាពអាងទន្លេសាប ប្រមូលមតិយោបល់ និងសម្របសម្រួលលើវិស័យអាទិភាព
២. ប្រមូលការយល់ដឹងពីទីវាលមូលដ្ឋានផ្ទាល់ និងធាតុចូលរបស់ភាគីពាក់ព័ន្ធ ជូនដំណឹងពីការវាយតម្លៃ និងការណែនាំ
៣. កំណត់តំបន់ដែលមានបញ្ហាចម្បងៗ (Keys Hotspots) សម្រាប់ធ្វើការវិនិច្ឆ័យសន្តិសុខទឹកក្នុងអាងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មានស្ទឹងសំខាន់ចំនួន ២ ដែរហូរចាក់ចូលបឹងទន្លេសាបនារដូវវស្សា៖ ស្ទឹងស្រែង មានប្រវែងប្រមាណ ៣២៥គីឡូម៉ែត្រ និងស្ទឹងមង្គលបុរី មានប្រវែងប្រមាណ ៣៥០គីឡូម៉ែត្រ៕























