Thursday, April 23, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន​(JICA) ស្តីពី​ការអង្កេត​ផែនការ​លម្អិត សម្រាប់​ការសិក្សា​ផែនការមេ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​សៀមរាប និង​តំបន់​ជុំវិញ រួមទាំង​លទ្ធភាព​នៃ​គម្រោង​អាទិភាព​ផ្សេងៗ​ទៀត​

​នា​រសៀល​ថ្ងៃ​ចន្ទ ១២​រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន​(JICA) ស្តីពី​ការអង្កេត​ផែនការ​លម្អិត សម្រាប់​ការសិក្សា​ផែនការមេ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​សៀមរាប និង​តំបន់​ជុំវិញ រួមទាំង​លទ្ធភាព​នៃ​គម្រោង​អាទិភាព​ផ្សេងៗ​ទៀត នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប​។​
​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​ពិភាក្សា​ខាងលើនេះ ដើម្បី​៖ (១).​ពិនិត្យ​លើ​គោលបំណង​នៃ​គម្រោង​បង្កើត​ផែនការមេ​រយៈពេល​វែង សម្រាប់​ការអភិវឌ្ឍ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​សៀមរាប និង​តំបន់​ជុំវិញ និង​(២).JICA ធ្វើការ​អង្កេត​ផែនការ​លម្អិត​សម្រាប់​គម្រោង ដើម្បី​វាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ក្នុង​តំបន់​គោលដៅ និង​ពិភាក្សា​លម្អិត​អំពី​គម្រោង រចនាសម្ព័ន្ធ​នៃ​ការអនុវត្ត និង​បញ្ហា​ផ្សេងៗ​ទៀត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្ពុជា​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍