Thursday, April 23, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ពិនិត្យ​ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី តាម​បណ្តា​ឃុំ ស្រុក ពាក់ព័ន្ធ​នឹង​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ខេត្តពោធិ៍សាត់​

​នា​រសៀល​ថ្ងៃ​ចន្ទ ១៣ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ចូលរួម​កិច្ចប្រជុំ ស្តីពី​ប្រជុំ​ពិនិត្យ​ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី តាម បណ្តា​ឃុំ ស្រុក ពាក់ព័ន្ធ​នឹង​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ខេត្តពោធិ៍សាត់ ដែល​រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​អធិបតីភាព ឯកឧត្តម តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​។ កិច្ចប្រជុំ​មាន​គោលដៅ​អភិរក្ស​បឹង​ទន្លេសាប និង​ទស្សនៈវិស័យ​លេ​ី​ការអភិវឌ្ឍ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព​។
​អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លេ​ី​ចំណុច​មួយចំនួន ដូចខាងក្រោម​៖
១. ពិនិត្យ​លទ្ធផល​ការចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ចូលរួម​ពី​អាជ្ញាធរ​ទន្លេសាប និង​អន្តរក្រសួង​-​ស្ថាប័ន​ជំនាញ​ទាំង​កម្រិត​ថ្នាក់ជាតិ​-​ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន​ពាក់ព័ន្ធ​នៃ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រគរ កណ្តៀង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់
២. វិភាគ​ទិន្នន័យ ព័ត៌មាន​ដែល​ទទួលបាន នឹង​រៀបចំ​ជា​លក្ខខណ្ឌ​ប្រើប្រាស់​ដី​នៅ​តំបន់​២ និង​តំបន់​៣ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប
៣. កំណត់​លក្ខខណ្ឌ​លើ​យុទ្ធសាស្ត្រ​ប្រើប្រាស់​ដី​សម្រាប់​ជា​ទស្សនវិស័យ​រយៈពេល​មធ្យម និង​រយៈពេល​វែង​។​
​សូម​ជម្រាបជូន​ថា ក្នុង​អង្គប្រជុំ​ក៏បាន​ផ្តោត​សំខាន់ រួមគ្នា​ក្នុងការ ការពារ​បរិស្ថាន ធនធានធម្មជាតិ ជីវចម្រុះ ធនធានទឹក ការបំពុល​ទឹក​នៃ​ការ​បោះចោល​កាកសំណល់​រឹង​-​រាវ និង​ត្រូវការពារ​អាយុជីវិត​បឹង​ទន្លេសាប​ឱ្យបាន​គង់វង្ស​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយៗ ដូច​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​ថ្នាក់ដឹកនាំ​ប្តេជ្ញា​ធ្វើឱ្យ​បឹង​ទន្លេសាប​នេះ ក្លាយជា​របៀង​សេដ្ឋកិច្ច​ចម្រុះ ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​ស្បៀងអាហារ​ប្រកបដោយ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ជុំវិញ​បឹង​ទន្លេសាប និង​មនុស្សជាតិ​៕

ព័ត៌មាន និងព្រឹត្តិការណ៍