Thursday, September 24, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ នៅ​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបាត់ដំបង

​នា​ថ្ងៃ​ចន្ទ ១០​កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត និង​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​អនុវត្ត​គម្រោង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ ជួសជុល ថែទាំ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ទទួលបាន​ពី​ឧបករណ៍​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ ចំនួន ៥​ស្ថានីយ (៤​ទីតាំង​) ស្ថិតនៅក្នុង​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបាត់ដំបង​។
​សូម​ជម្រាបជូន​ថា នៅក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​នេះ ឯកឧត្តម បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ធ្វើការ​ថែទាំ សំអាត​ឧបករណ៍ ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​(reconfiguration) ដើម្បី​ទទួលបាន​នូវ​ភាព​សុ​ក្រឹត្យ​នៃ​ការបញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ និង​ឧតុនិយម មក​ម៉ាស៊ីន​មេ​ផ្ទុក​ទិន្នន័យ (Main Server Data Storage) និង​ក្តារ​ម៉ែត្រ (Manual) នៃ​ស្ថានីយ​ដូចខាងក្រោម​៖ ១. ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (H.R) ចំនួន ១ ស្ថានីយ តាម​ដងស្ទឹង​ជី​និ​ត ស្ថិតនៅ​ត្រង់ចំណុច​ភូមិ​កងមាស ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ ២. ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (AWS, H.Q.R) ចំនួន ២​ស្ថានីយ តាម​ដង​ស្ទឹងសែន ស្ថិត​ត្រង់ចំណុច​ស្ពាន​តា​អោក ភូមិ​អូរ ឃុំ​តា​អោក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ៣. ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ (HR) ចំនួន ១​ស្ថានីយ តាម​ដងស្ទឹង​សង្កែ ស្ថិត​ត្រង់ចំណុច​ជាប់​បឹង​ទន្លេសាប (​ព្រែក​ទាល់​-​ស្ទឹង​សង្កែ​) ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​ទី​៤. ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ​(H.Q.R) ចំនួន ១​ស្ថានីយ តាម​ដងស្ទឹង​ស្រែង ស្ថិត​ត្រង់ចំណុច​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។
​សូមបញ្ជាក់​ជូន​ថា អាជ្ញាធរ​ទន្លេសាប បានទទួល​ស្ថានីយ​ស្វ័យប្រវត្តិ ចំនួន ១១​ស្ថានីយ តម្លើង​នៅ ៨​ទីតាំង និង​ស្ថានីយ​មេ (Master Station) ក្រោម​គម្រោង​សាកល្បង​នៃ​ការអង្កេត​ទិន្នន័យ​ជលសា​ស្ត្រ និង​បច្ចេកវិទ្យា​ប​ញ្ចូ​ន​ស្វ័យប្រវត្តិ តំបន់​អាង​ទន្លេសាប នៅ​ឆ្នាំ​២០២១ ពី​គម្រោង​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម​ការអភិរក្ស​ទឹក​ណាន​ជី​ង (​មេគង្គ​-​ឡាង​ឆាង​) នៃ​ក្រសួង​ធនធានទឹក​ចិន ៕

ព័ត៌មាន និងព្រឹត្តិការណ៍