នាថ្ងៃសៅរ៍ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប ទទួលបន្ទុកមុខព្រួញផ្លូវជាតិលេខ៥ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពទឹកស្ទឹងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ក្រុមការងារ បានចុះពិនិត្យនៅតាមបណ្ដាទីតាំង ដូចខាងក្រោម៖
១. ពិនិត្យស្ថានភាពលំហូរទឹកស្ទឹងសំខាន់ៗនៅក្នុងខេត្តកំពង់ឆ្នាំង ដែលហូរចាក់ទៅទន្លេសាប និងបឹងទន្លេសាប រួមមាន ស្ទឹងក្រាំងពន្លៃ ស្ទឹងជ្រៃបាក់ ស្ទឹងបរិបូណ៌ និងតំបន់ទំនាបលិចទឹកស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
២.ពិនិត្យលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងតំបន់២ ដែលនាំឱ្យមានផលប៉ះពាល់ដល់ចរន្តទឹកហូរចូលបឹងទន្លេសាប
៣. ពិនិត្យលើដែនវិសាលភាពទឹកបឹងទន្លេសាបឡើងលិចតំបន់ ២ និងតំបន់៣ នារដូវវស្សាឆ្នាំ២០២៥នេះ៕













