នាថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និងក្នុងនាមតំណាង ឯកឧត្តម អគ្គលេខាធិការអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការតាមដាន និងត្រួតពិនិត្យលើការកាប់ទន្ទ្រានព្រៃលិចទឹក និងការបន្តចូលអាស្រ័យផលក្នុងតំបន់៣ ដែលជាតំបន់ត្រូវការពារ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមានការចូលរួមពី អភិបាលរងស្រុកសង្កែ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧតុនិយម មន្ត្រីភូមិបាលស្រុក នាយផ្នែកជលផលស្រុកសង្កែ នាយករងរដ្ឋបាលស្រុក និងមន្ត្រីកងរាជអាវុធហត្ថស្រុកសង្កែ។
កិច្ចប្រជុំមានគោលបំណង៖
- ពិនិត្យ និងតាមដានស្ថានភាពទូទៅ និងការចុះដល់ ទីតាំងជាក់ស្តែងលើការចូលកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣
- ពិនិត្យការបន្តចូលអាស្រ័យផល និងការប្រើប្រាស់ដីក្នុងតំបន់៣ ដែលខុសពីបទប្បញ្ញត្តិច្បាប់
- ពិនិត្យសកម្មភាពនៃការដាំឈូក និងការកាន់កាប់ដីក្នុងតំបន់៣
- ពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងមន្ទីរជំនាញ ក្នុងការទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិ
- ជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធលើការគ្រប់គ្រងតំបន់៣នៃដែនព្រៃលិចទឹកឱ្យបានម៉ឺងម៉ាត់
- លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការថែរក្សាព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប៕


















