នាថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប និងក្នុងនាមតំណាង ឯកឧត្តម អគ្គលេខាធិការអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមសិក្ខាសាលាស្តីពី «គំនិតផ្តួចផ្តើមបរិស្ថានប្រកបដោយចីរភាពទន្លេសាប – Tonle Sap Sustainable Environment Initiative» ដែលជាកម្មវិធីស្នូលរយៈពេលវែង រៀបចំដោយក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ដើម្បីស្តារ និងលើកកម្ពស់ប្រព័ន្ធបរិស្ថាន និងសេដ្ឋកិច្ចនៅតំបន់បឹងទន្លេសាប និងតំបន់ទំនាបលិចទឹកឱ្យមានភាពប្រសើរឡើងវិញ។
កម្មវិធីអនុវត្តគំនិតផ្តួចផ្តើមរយៈពេលវែង ប្រកបដោយចីរភាព ដើម្បីរួមចំណែកលើកកម្ពស់សុខភាពបរិស្ថាននៃបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក មានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖
១. កាត់បន្ថយកាកសំណល់ និងការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាប តំបន់ប្រភពទឹកខាងលើ តំបន់ដីសើម និងតំបន់បរិស្ថានដែលងាយរងគ្រោះ
២. កាត់បន្ថយវត្តមានរបស់ប្រភេទរុក្ខជាតិទឹកដែលមិនល្អ (Invasive aquatic plant) នៅក្នុងបឹង និងតំបន់ដីសើមជុំវិញ
៣. ជំរុញការធ្វើពិពិធកម្មជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនពឹងផ្អែកតែលើវិស័យនេសាទ តាមរយៈការបង្កើតការងារបៃតង និងការអភិវឌ្ឍអេកូទេសចរណ៍ធម្មជាតិ
៤. ស្តារ និងដាំព្រៃឡើងវិញនៅតំបន់ទំនាបលិចទឹកដែលរងការរេចរឹល ព្រមទាំងដាក់ចេញវិធានការអភិរក្ស ដើម្បីការពារព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
ក្នុងដំណាក់កាលទី១ កម្មវិធីនេះផ្តោតលើខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង ហើយនឹងបន្តពង្រីកទៅកាន់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ធំ ក្នុងដំណាក់កាលទី២ និងទី៣ នៃកម្មវិធី ដើម្បីសម្រេចបាននូវគោលដៅ និងសកម្មភាពខាងលើ ក្រុមការងារខិតខំកៀរគរហិរញ្ញប្បទានអាកាសធាតុ ជាពិសេសពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) នៅតែជាអាទិភាពសម្រាប់ប្រទេសកម្ពុជា។
ឯកឧត្តម ខូវ មាស ក៏បានបញ្ជាក់បន្ថែមថា អំពីលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានឯកភាពជាគោលការណ៍ ជូនក្រសួងធនធានទឹក និងឧតុនិយម (អាជ្ញាធរទន្លេសាប) សហការ ជាមួយក្រសួង ស្ថាប័ន ជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់រេចរឹល នៅជុំវិញតំបន់បឹងទន្លេសាប៕












