ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការចូលរួម ការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក តំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព នាថ្ងៃព្រហស្បតិ៍ ៩ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តចុះប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ វគ្គផ្សព្វផ្សាយនេះ បានអញ្ជើញចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងរដ្ឋបាលស្រុក ព្រមទាំងលោក លោកស្រី ជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងចាន់ និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបជូនថា វគ្គផ្សព្វផ្សាយនេះមានគោលបំណងផ្ដោតសំខាន់ មាន ២ចំណុច៖
១. បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក
២. សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព។
ខ្លឹមសារសំខាន់នៃវគ្គផ្សព្វផ្សាយនេះ បានបង្ហាញពីសារៈសំខាន់របស់បឹងទន្លេសាប ព្រៃលិចទឹក រួមនឹងវិធានការការពារធនធានធម្មជាតិ ដោយការចូលរួមក្នុងការអនុវត្តច្បាប់ បទបញ្ញត្តិនានា ដើម្បីធានាឱ្យបាននូវការការពារ ថែរក្សា និងគ្រប់គ្រងធម្មជាតិ ជីវចម្រុះ ធនធានជលផល ព្រៃលិចទឹកនៅតំបន់ទ្រនាប់ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ និងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ដែលជាអត្តសញ្ញាណជាតិមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ ដែលវាបាន និងកំពុងគំរាមកំហែងមកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប បង្កឡើងដោយ កត្តាមនុស្ស និងកត្តាធម្មជាតិ ក្មុងនោះរួមមានសកម្មភាពក្នុងការទន្ទ្រានដីព្រៃលិចទឹក និងការនេសាទខុសច្បាប់ ជាដើម។ ក្នុងនោះ បានរំលេចនូវខ្លឹមសារមួយចំនួនដែលមានចែងក្នុងក្រមបរិស្ថាន ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ច្បាប់ស្ដីពីជលផល និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋ ក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ ជុំវិញបឹងទន្លេសាប។
សូមបញ្ជាក់ជូនថា អាជ្ញាធរទន្លេសាប គឺជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ដែលមានភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ អធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក បានធ្វើកិច្ចសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបោះបង្គោលកំណត់ព្រំតំបន់៣ នៃព្រៃលិចទឹក នៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប៕













