នាថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាប្រឹក្សាយោបល់ស្តីពី “ ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំទី១ នៃគម្រោងការបង្កើតវេទិកាគ្រប់គ្រងទឹកក្រោមដីប្រកបដោយចីរភាពក្នុងតំបន់មេគង្គក្រោម” ដែលរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉ (MKCF) ក្រោមអធិបតីភាពលោក ប៊ុន គឹមងួន នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរជាតិអប្សរា រដ្ឋាករទឹកសៀមរាប ក្រុមការងារគម្រោងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តសៀមរាប ព្រមទាំងក្រុមការងារដៃគូគម្រោងនៃប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា សរុបចំនួន ៣១ នាក់(ស្ត្រី០៨នាក់) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតាមអនឡាញ។
សូមជម្រាបជូនថា គោលបំណងនៃសិក្ខាសាលាប្រឹក្សាយោបល់ គឺ (១) ពិនិត្យឡើងវិញនូវការតម្លើង Sensor វាស់គុណភាពទឹកក្រោមដីនៃអណ្តូងតាមដាននៅក្នុងគម្រោង (២) បទបង្ហាញពីវវឌ្ឍនភាពគម្រោងនៃប្រទេសអនុវត្តគម្រោង (៣) ពិភាក្សាអំពីបញ្ហាប្រឈមនៃការអនុវត្ត និង (៤) រៀបចំផែនការសកម្មភាពនាពេលអនាគត៕











