នាថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហាឆ្នាំ២០២៥ ក្រុមការងារការិយាល័យធនធានទឹក នៃនាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះអនុវត្តសកម្មភាព ការសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីការគ្រប់គ្រងសំណល់នៅក្នុងភូមិបណ្តែតទឹក និងផលប៉ះពាល់ក្នុងតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតក្នុងភូមិបណ្តែតទឹក ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ដើម្បីសម្រេចបាននូវគោលដៅគ្រប់គ្រងសំណល់ប្រកបដោយចីរភាពនាពេលបច្ចុប្បន្ន ត្រូវសិក្សាពីការប្រើប្រាស់ និងប្រភពសំណល់ក្នុងតំបន់សិក្សាខាងលើ មុនធ្វើការវាយតម្លៃពីបរិមាណសំណល់ និងស្វែងរកដំណោះស្រាយណាមួយប្រចាំឆ្នាំសម្រាប់កាត់បន្ថយសំណល់ដែលហូរចូលបឹងទន្លេសាបដែលបង្កផលប៉ះពាល់ដល់គុណភាពទឹក និងសុខភាពសាធារណៈដោយជ្រើសរើសភូមិបណ្តែតទឹកកំពង់លួង ដូចជាការចុះជួបពិភាក្សាជាមួយប្រជាពលរដ្ឋ និងក្រោមកិច្ចសហការសម្របសម្រួលជាមួយអាជ្ញាធរឃុំ ដើម្បីសិក្សាស្វែងយល់លើការងារគ្រប់គ្រងកាកសំណល់ និងការយកសំណាកទឹកមកវិភាគគុណភាពទឹកលើលក្ខណៈរូប និងគីមី។
សូមជម្រាបជូនថា សកម្មភាពការសិក្សាស្រាវជ្រាវលើទីតាំងដែលបានជ្រើសរើសខាងលើគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប។ គោលបំណងនៃការសិក្សា៖
- វាយតម្លៃ និងការគ្រប់គ្រងកាកសំណល់នាពេលបច្ចុប្បន្ន
- វិភាគផលប៉ះពាល់បរិស្ថាន និងសុខុមាលភាព
- ស្វែងយល់ពីការយល់ឃើញរបស់ប្រជាពលរដ្ឋ
- ចូលរួមផ្តល់ជាមតិយោបល់បន្ថែមដល់ប្រជាពលរដ្ឋក្នុងភូមិបណ្តែតទឹក និងអ្នកពាក់ព័ន្ធ ស្តីពីការគ្រប់គ្រង និងការកែច្នៃសំណល់ (3R) ដើម្បីធ្វើឱ្យបរិស្ថានល្អ និងការរៀបចំផែនការគ្រប់គ្រងសំណល់ប្រកបដោយចីរភាពពេលបច្ចុប្បន្ន និងអនាគតសម្រាប់តំបន់ទន្លេសាប៕











