ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប និងមន្ត្រីបច្ចេកទេស ព្រមទាំងអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ និងភូមិបាលស្រុក បានចុះពិនិត្យដំណើរការការងារសាងសង់បង្គោលព្រំដីតំបន់កាត់ឆ្វៀល ជំហានទី១ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ដែលមានបង្គោលសរុបចំនួន ៦៥០បង្គោល។ បច្ចុប្បន្នការងារសាងសង់ជំហានទី១នេះ សម្រេចបានប្រមាណ ៩០% តាមផែនការគ្រោងទុក ដែលនឹងត្រូវបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ផងដែរថា បង្គោលព្រំដីតំបន់កាត់ឆ្វៀលនេះ ជាប្រភេទបង្គោលជើងមួយ កម្ពស់៣ម៉ែត្រពីដី ទំហំ ៣០សង់ទីម៉ែត្រ គុណ ៣០សង់ទីម៉ែត្រ និងមានក្បាលពណ៌ផ្ទៃមេឃ ដែលជាបង្គោលបង្ហាញច្បាស់ពីព្រំប្រទល់ដីតំបន់កាត់ឆ្វៀលជូនប្រជាពលរដ្ឋ និងដីតំបន់ហាមឃាត់ តំបន់៣ ច្បាស់លាស់ និងងាយស្រួលក្នុងចុះត្រួតពិនិត្យ តាមដាន ក្នុងការទប់ស្កាត់ការបន្តចូលអាស្រ័យផល និងទន្ទ្រានយកដីតំបន់៣។
សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងកិច្ចការពារធនធានធម្មជាតិ និងជីវៈចម្រុះតំបន់បឹងទន្លេសាប ឯកឧត្តមតែងតែណែនាំឱ្យចាត់តាំងក្រុមការងារចុះតាមដានជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់សកម្មភាពបទល្មើសផ្សេងៗ ដែលកើតមានឡើងនៅជុំវិញបឹងទន្លេសាប ពិសេសការចូលបន្តអាស្រ័យផលក្នុងតំបន់៣ ការដុតព្រៃ និងឈូសឆាយព្រៃក្នុងគោលបំណងកាត់កាប់ដីក្នុងតំបន់៣ ដោយខុសច្បាប់របស់ជនខិលខូច ក្រោមរូបភាពផ្សេងៗជាច្រើនទៀត៕














