នាថ្ងៃចន្ទ ៨រោច ដល់ថ្ងៃព្រហស្បតិ៍ ១១រោចខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្ស នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់បាននូវសក្ដានុពល និងការគ្រប់គ្រងតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦ (ទន្លេឆ្មារ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិដូនស្តើង និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបាន៖
- ចុះពិនិត្យជាក់ស្តែងនូវស្ថានភាពទូទៅ នៃតំបន់អភិរក្ស និងចុះជួបពិភាក្សា ពិគ្រោះយោបល់ និងប្រមូលព័ត៌មានទិន្នន័យចាំបាច់មួយចំនួន ជាមួយក្រុមប្រឹក្សាឃុំពាមបាង
- ជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយសហគមន៍នេសាទ និងប្រជានេសាទ លើការចូលរួមរបស់សហគមន៍ ការអភិវឌ្ឍតំបន់អភិរក្ស និងបញ្ហាប្រឈមផ្សេងៗរបស់សហគមន៍។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់បាននូវសក្ដានុពល មុខងារនៃការគ្រប់គ្រងតំបន់អភិរក្សជលផលខាងលើនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ក្នុងដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណងសំខាន់ៗគឺ៖ - សិក្សាស្វែងយល់អំពី ការចូលរួមរបស់សហគមន៍ ប្រជានេសាទ និងបញ្ហាប្រឈមផ្សេងៗ ដែលជះឥទ្ធិពលដល់តំបន់បឹងទន្លេឆ្មារ និងទាញផលប្រយោជន៍ពីតំបន់នេះ
- ស្វែងយល់អំពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល ជីវៈចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី
- ចុះពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្តែងពីបម្រែបម្រួលបទល្មើស និងធនធានធម្មជាតិនៃតំបន់អភិរក្ស៕










