នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្សនិងក្រុមការងារបច្ចេកទេស នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ Datum CGD2023 និងការប្រើប្រាស់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) នៅកម្ពុជា រៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គោលបំណងនៃសិក្ខាសាលាដើម្បី ៖ ១- ផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធ Datum ថ្មីឈ្មោះថា CambodiaGeodetic Datum2023 (CGD2023) ឱ្យមានការឯកភាពគ្នា និង ២- ផ្សព្វផ្សាយដំណើរការនូវស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) និងតារាងកម្រៃសេវានៃការប្រើប្រាស់សេវាកម្មវាស់វែង។
សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់ជាតិនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីជំនាញបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកទេសជំនាញវាស់វែង, និងជាពិសេសមន្ត្រីជំនាញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្តទាំង ២៥ ព្រមទាំងមានការធ្វើបទបង្ហាញ ពីមន្ត្រីជំនាញនាយកដ្ឋានចំណុះឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនផ្តល់សេវាកម្មវាស់វែងក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕










