នៅថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធនធានធម្មជាតិ របស់អាជ្ញាធរទន្លេសាប ដែលជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍លើចក្ខុវិស័យ បេសកកម្ម និងតួនាទីភារកិច្ចរបស់អាជ្ញាធរទន្លេសាប ជាពិសេស “ទឹកសម្រាប់ទាំងអស់គ្នា-Water for all ” នៅតំបន់អាងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ព្រមទាំងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍នៅតំបន់បឹងទន្លេសាប ដែលមានសិក្ខាកាមអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ និងទ្វីបខុសគ្នាៗសរុបចំនួន ៣៧ ប្រទេស នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែលមានសិក្ខាកាមសរុបចំនួន ៤៨រូប។
គោលបំណងនៃការចែករំលែកបទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិ រួមមាន៖
- ការចែករំលែកបទពិសោធន៍របស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប អំពីការគ្រប់គ្រង និងការរៀបចំផែនការលើវិស័យទឹកស្អាត ទឹកកខ្វក់ និងអនាម័យនៅក្នុងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ
- ការប្រែប្រួលរបបជលសាស្ត្រ-ឧតុនិយម និងគុណភាពទឹកនៅក្នុងអាងទន្លេសាប
- ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍នៅតំបន់អាងទន្លេសាប
- វិធីសាស្ត្រក្នុងការគ្រប់គ្រង ការថែរក្សា និងការការពារដែនព្រៃលិចទឹក ជាពិសេសចីរភាព និងនិរន្តរភាពនៃបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធជាដើម៕









