Sunday, March 8, 2026

ក្រុមការងារ​ជំនាញ​បច្ចេកទេស អនុវត្ត​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ទីតាំង​ស្ថានីយ​ជលសា​ស្ត្រ​-​ឧតុនិយម​ស្វ័យប្រវត្តិ ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​

​កាលពី​ថ្ងៃ​អង្គារ ៩​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​ជំនាញ​បច្ចេកទេស អនុវត្ត​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ ទីតាំង​ដំឡើង ស្ថានភាព​ឧបករណ៍​បំពាក់​លើ​ស្ថានីយ​ជលសា​ស្ត្រ​-​ឧតុនិយម​ស្វ័យប្រវត្តិ ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។​
​សូមបញ្ជាក់ថា ការចុះពិនិត្យ និង​វាយតម្លៃ​ទីតាំង​ស្ថានីយ​ជលសា​ស្ត្រ​-​ឧតុនិយម​ស្វ័យប្រវត្តិ ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប បាន​ជួបពិភាក្សា​ការងារ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​-​ស្រុក​-​ខេត្ត និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដើម្បី​ប្រមូល​ព័ត៌មាន​ទិន្នន័យ មតិយោបល់ អនុសាសន៍ ជាពិសេស​ទទួលបាន​ព័ត៌មាន​ពី​ផែនការ​អនុវត្ត​ក្នុង​មូលដ្ឋាន ដែលជា​ធាតុ​ចូល​ដ៏​សំខាន់ ជា​មូលដ្ឋាន​សម្រេចចិត្ត​សម្រាប់​ក្រុមការងារ ធ្វើ​ការចុះពិនិត្យ វាយតម្លៃ​ទីតាំង​ចំ​គោលដៅ និង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​សម្រេចបាន​តាម​ផែនការ​គ្រោងទុក ទាន់ពេលវេលា សម្រាប់​ការងារ​រៀបចំ​របាយការណ៍​បច្ចេក​ទេស​លម្អិត និង​ការកសាង​សេចក្តីព្រាង​សំណើសុំ​គម្រោង​រួមគ្នា ដាក់ជូន​ថ្នាក់ដឹកនាំ​គាំទ្រ និង​សម្រេច​នាពេល​ខាងមុខនេះ​។​
​សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៥ កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​គណៈប្រតិភូ ព្រមទាំង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានមក​បំពេញ​ទស្សនៈកិច្ច​សិក្សា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​ឯកឧត្តម​បាន​អញ្ជើញ​មក​ទស្សនៈកិច្ច​នៅ​លេខាធិកា​ដ្ឋា​ន​អាជ្ញាធរ​ទន្លេ​សាទ ចុះ​ពិនិត្យ​ទីតាំង​ស្ថានីយ​ជលសា​ស្ត្រ​-​ឧតុនិយម​ស្វ័យប្រវត្តិ​ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាង​ឆាង នៅ​ស្ថានីយ​ជល​សាស្ត្រ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ និង​បឹង​ទន្លេសាប ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស និង​បារាយ​ទឹកថ្លា នៃ​ខេត្តសៀមរាប​។​
​ស្របពេល​ដំណើរ​ទស្សនៈកិច្ច​នេះ​ផងដែរ អាជ្ញាធរ​ទន្លេសាប បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​-​ឡាង​ឆាង (TSA-LMC) និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​សាស្ត្រ​ណាន​ជី​ង (TSA-NHRI) និង​កម្មវិធី​ចុះហត្ថលេខា​ប្រគល់​ទទួល​ស្ថានីយ និង​សម្ភារៈ​ឧបករណ៍​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង អាជ្ញាធរ​ទន្លេសាប ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ណាន​ជី​ង​ផ្នែក​ជលសា​ស្ត្រ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ការអភិរក្ស​ទឹក (TSA-NIHWA)៕

ព័ត៌មាន និងព្រឹត្តិការណ៍