នាថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបន្តចុះសិក្សាការធ្វើវារីវប្បកម្ម និងវាយតម្លៃការកែច្នៃនៅឃុំពាមឯក ឃុំព្រែកខ្ពប ឃុំព្រែកនរិន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ សង្កាត់ចំការសំរោង សង្កាត់ក្តុលដូនទាវ និងសង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រុមការងារចុះសិក្សាមានគោលបំណងសំខាន់ៗដូចជា៖
- តាមដានលើស្ថិតិអ្នកចិញ្ចឹមត្រីទាំងក្នុងស្រះ និងបែរ
- សិក្សាតាមដានបរិមាណនៃការចិញ្ចឹម ប្រភេទត្រីចិញ្ចឹម និងបច្ចេកទេសនៃការចិញ្ចឹម
- សិក្សាតាមដានបរិមាណត្រីស្រស់ ប្រភេទនៃការកែច្នៃ និងបច្ចេកទេសកែច្នៃតាមប្រភេទនីមួយៗ
- សិក្សាចរន្តទីផ្សារ តម្លៃទីផ្សារ ផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
១. អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
២. សម្ភាសន៍ជាមួយអ្នកចិញ្ចឹមត្រី និងអ្នកកែច្នៃត្រី
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី និងតាមដានតម្លៃទីផ្សារត្រី។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាការធ្វើវារីវប្បកម្ម និងវាយតម្លៃការកែច្នៃ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕















