នាថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៦ ក្រុមការងារការិយាល័យអភិរក្ស បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ និងឃុំតាប៉ុន កំពង់ព្រះ កំពង់ព្រៀង រកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណង៖
១. ស្វែងយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រង អ្នកចូលរួមគ្រប់គ្រង អភិរក្ស ទស្សនៈវិស័យ និងផែនការគ្រប់គ្រងនៅក្នុងតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ២
២. សិក្សាស្វែងយល់ពីសក្តានុពល និងបម្រែបម្រួលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងស្ថានភាពទូទៅផ្សេងៗទៀត។
ការចុះបំពេញបេសកកម្មនេះ ក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទ
- ជួបប្រមូលព័ត៌មានជាមួយកងកំលាំងយោធភូមិភាគទី៤ ដែលនៅប្រចាំការយាមល្បាតនៅតំបន់អភិរក្ស
- ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ២។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ២ គឺជាផ្នែកមួយរបស់សកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕














