នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ តត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប នៅសាលប្រជុំទីស្ដីការក្រសួង។
សូមជម្រាបថា អនុវត្តតាមសេចក្ដីណែនាំលេខ ០១សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់ដំណើរការនៃក្រសួងស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព អាជ្ញាធរទន្លេសាប សហការជាមួយក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ បានដំណើរការប្រជុំផ្ទៃក្នុងស្ថាប័នជាច្រើនលើក និងសហការសម្របសម្រួលជាមួយក្រសួងមុខងារសាធារណៈ ក្នុងការពិនិត្យឡើងវិញនូវមុខងារ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និងបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។ សេចក្តីព្រាងអនុក្រឹត្យថ្មីនេះ មានបែងចែកជា ៦ជំពូក និង១៤មាត្រា ដែលក្នុងនោះអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប មានភារកិច្ច និងមុខងារសម្របសម្រួល ដឹកនាំគ្រប់គ្រងធនធានធម្មជាតិ គាំពារ អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប៕















