នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រសួងស្ថាប័ន សម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទអាជ្ញាធរទន្លេសាប ដែលបានសហការយ៉ាងល្អប្រសើរក្នុងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ទទួលខុសត្រូវការងារតួនាទីភារកិច្ច តាមផែនការដែលបានដាក់ចេញ ដើម្បីការពារ ថែរក្សា អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានតំបន់ទន្លេសាបឱ្យប្រកបដោយចីរភាព និងនិរន្តរភាព ក្នុងចូលរួមរក្សាធនធានជលផល និងសន្តិសុខស្បៀងសម្រាប់សង្គមជាតិ ក៏ដូចជាសន្តិសុខទឹកសម្រាប់ការស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ដើម្បីធានាបាននូវផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបានរយៈពេល ១ឆ្នាំនេះនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងអាជ្ញាធរទន្លេសាបក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអនុវត្តផែនការការងារសំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍បឹងទន្លេសាប ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងមានចំណូលខ្ពស់ឆ្នាំ២០៥០។ ជាមួយគ្នានេះដែរ សមាជិកអង្គប្រជុំក៏បានចូលរួមផ្តល់មតិយោបល់ ក៏ដូចជាបទពិសោធន៍សម្រាប់ជាធាតុចូល ដើម្បីឱ្យការអនុវត្តក្នុងឆ្នាំ២០២៦ កាន់តែមានប្រសិទ្ធភាព និងសម្រេចលទ្ធផលល្អប្រសេីក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាបន័ អាជ្ញាធរដែនដីពាក់ពន្ធ័៕

























