នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ ដោយទទួលបានការចាត់តាំង និងណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក អមដោយក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ទទួលជួបប្រជុំពិភាក្សាជាមួយ លោកសាស្ត្រាចារ្យ Reuben Chong Wee Ng នៃសាកលវិទ្យាល័យជាតិសិង្ហបុរី National University of Singapore និង លោក ចាន់ វីរះ ជំនាញការជាន់ខ្ពស់ការគ្រប់គ្រងធនធានទឹក នៃធនាគារពិភពលោក ដើម្បីពិភាក្សាការផ្តួចផ្តើមរៀបចំសិក្ខាសាលា ស្តីពីបញ្ញាសិប្បនិម្មិត AI សម្រាប់ការគ្រប់គ្រងទន្លេសាប និងគោលនយោបាយទឹក ដែលនឹងតម្រូវឱ្យមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នបច្ចេកទេសជំនាញសំខាន់ៗ ជាសមាជិករបស់អាជ្ញាធរទន្លេសាប។
ក្នុងនោះដែរកិច្ចប្រជុំ ក៏បានពិភាក្សា និងយកចិត្តទុកដាក់ផ្តោតទៅលើការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាទិភាពរបស់អាជ្ញាធរទន្លេសាប ២០២៤-២០២៨ ភាពប្រឈមនឹងគោលនយោបាយ រួមជាមួយទស្សនៈវិស័យជាយុទ្ធសាស្ត្រ របស់អាជ្ញាធរទន្លេសាប ស្របជាមួយនឹងបរិបទនៃការផ្លាស់ប្តូរទំនើបកម្មតាមបែប ឌីជីថល (Digital) សំដៅដល់ការការគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយឆ្លាតវៃ ។
សូមបញ្ជាក់ថា ៖ អាជ្ញាធរទន្លេសាប បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក ស្ថិតក្រោមកម្មវិធីគម្រោងវាយតម្លៃសន្តិសុខទឹកទន្លេសាប និងបានកំពុងតែរៀបចំកសាងឯកសារសំខាន់ៗ រួមមាន ៖ (១). របាយការណ៍ ស្តីពីស្ថានភាពអាងទន្លេសាប, (២). ការវាយតម្លៃសន្តិសុខទឹកទន្លេសាប និង (៣). សេចក្តីសង្ខេបគោលនយោបាយ៕












