នាព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមប្រជុំពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងតំបន់បឹងទន្លេសាប និងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលបានប្រព្រឹត្តិទៅនៅសណ្ឋាគារ Bayon Era ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយដែលកិច្ចប្រជុំនេះ មានការចូលរួមពីក្រសួងស្ថាប័នជំនាញទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានពាក់ព័ន្ធ។
សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះ គឺដើម្បីពិនិត្យពិគ្រោះយោបល់ទៅលើផែនការគ្រប់គ្រង និងប្រើប្រាស់ដី ដែលជាប្លង់គោលក្នុងការបែងចែកការប្រើប្រាស់ដីស្ថិតនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ និងតំបន់បឹងទន្លេសាប ដោយបានលើកយកករណីសិក្សាការគ្រប់គ្រង និងប្រើប្រាស់ដីស្ថិតក្នុងឃុំពោធិ៍ទ្រាយ ស្រុកពួក និងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

















