នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ-អគ្គលេខាធិការរង លោកប្រធាន-លោក លោកស្រីអនុប្រធាននាយកដ្ឋាន ក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីប្រធានអាជ្ញាធរទន្លេសាបដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវរៈដូចខាងក្រោម៖
- របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប
- របាយការណ៍បូកសរុបនៃកិច្ចប្រជុំការងាររបស់នាយកដ្ឋានទាំង ៤ ចំណុះអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាបកន្លងមក
- ផែនការ និងទិសដៅអនុវត្តន៍បន្តឆមាសទី២ ឆ្នាំ២០២៥
- បន្តពង្រឹងប្រសិទ្ធភាពការងាររបស់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។
ទន្ទឹមនឹងនោះផងដែរ ក្នុងបរិការណ៍នៃកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល និងការវិវត្តន៍កម្មបរិបទប្រព័ន្ធឌីជីថល ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការណែនាំឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចស្នូល និងភារកិច្ចចំពោះមុខដែលថ្នាក់ដឹកនាំប្រគល់ជូននាយកដ្ឋាន និងជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារដោយយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ច និងផែនការសកម្មភាពរបស់ខ្លួនឱ្យទទួលបានជោគជ័យ ពង្រឹងប្រសិទ្ធភាពការងារបន្តរក្សាសាមគ្គីភាព សុខដុមនីយកម្មក្នុងរបស់អង្គភាព៕
















