Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​ចុះ​សហការ​ជាមួយ​អន្តរក្រសួង ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​ចុះ​សហការ​ជាមួយ​អន្តរក្រសួង ដឹកនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម យិន ងួន​កូ​លេនីន អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប នៃ​បណ្តា​មុខព្រួញ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ​។
​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង ដើម្បី​៖ពិនិត្យ​វឌ្ឍនភាព​ការងារ​មុខព្រួញ​តាម​បណ្តា​ខេត្ត​ទាំង​៦ ចុះ​សហការ​ការងារ​ជាមួយ​អន្តរក្រសួង​ចែករំលែក​ព័ត៌មាន និង​ផ្លាស់ប្តូរ​បទពិសោធន៍​ចំពោះ​កិច្ចការ​តាម​មុខព្រួញ​នីមួយៗ​ជាមួយ​អន្តរក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​បញ្ហា​ប្រឈម​នានា​រៀបចំ​របាយការណ៍​បូកសរុប​លទ្ធផល​សហការ​អនុវត្ត​ការងារ​ជូន​ថ្នាក់ដឹកនាំ និង​លើក​ផែនការ​សហការ​អនុវត្ត​ជាមួយ​អន្តរក្រសួង ស្ថាប័ន​។​
​សូមបញ្ជាក់ថា​: កិច្ចប្រជុំ​នេះ ក៏បាន​ពិភាក្សា​លើ​ផែនការ​របស់​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការគាំទ្រ​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុង​ការចុះ​ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ស្រង់​ទិន្នន័យ ព័ត៌មាន​ការប្រើប្រាស់​ដី បម្រែបម្រួល​គម្រប​ដី ប្រភព​ធនធានទឹក និង​ធនធានធម្មជាតិ​ពាក់ព័ន្ធ​ក្នុង​តំបន់​២ តំបន់​១ និង​ស្ទឹង​សំខាន់ៗ​ទាំង​១១ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប និង​ខេត្ត ២ ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ជាប់​នឹង​តំបន់​ទន្លេសាប (​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​)៕

ព័ត៌មាន និងព្រឹត្តិការណ៍