បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការវិភាគសន្តិសុខទឹកនៅអាងទន្លេសាប និងចុះទស្សនកិច្ចសិក្សាជាក់ស្តែងនៅតាមបណ្តាខេត្តទាំង៦ ជុំវិញបឹងទន្លេសាប នាព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប រួមនិងមន្ត្រីបច្ចេកទេស បានជួបប្រជុំជាមួយតំណាងធនាគារពិភពលោក (WB), ICEM, DFAT AWP និងលេខាទី២ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាលើធាតុចូល ដែលក្រុមការងារបានរកឃើញ និងបានស្រង់យកចំណុចសំខាន់ៗ មតិភាគីពាក់ព័ន្ធ កំណត់ប្រធានបទទូទៅ ភាពខុសប្លែកគ្នា និងបញ្ហាប្រឈមដែលកើតឡើងនៅទូទាំងអាងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ ដើម្បីយកមកធ្វើការពិភាក្សា និងចាត់ថ្នាក់ចំណុចក្តៅ (hot spots )ដែលត្រូវកែលំអរ ណែនាំ និងកំណត់អាទិភាព (រយៈពេលខ្លី មធ្យម វែង)។
សូមជម្រាបជូនថា អាងទន្លេសាបដែលជាទីជម្រករបស់ប្រជាជនជាង ៥ លាននាក់ គឺជាចំណុចកណ្ដាលយ៉ាងសំខាន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសន្តិសុខទឹករបស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ អាងនេះកំពុងប្រឈមទៅនឹងបញ្ហាជាច្រើនដែលបណ្ដាលមកពីបម្រែបម្រួលទឹកតាមរដូវ ការផ្គត់ផ្គង់ទឹក និងសេវាប្រព័ន្ធអនាម័យមិនគ្រប់គ្រាន់ រួមទាំងបញ្ហាបរិស្ថាននានាដែលកំពុងកើនឡើងជាលំដាប់។ ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនេះ អាជ្ញាធរទន្លេសាប (TSA) សហការជាមួយធនាគារពិភពលោក DFAT និង AWP កំពុងអនុវត្តកម្មវិធីសន្តិសុខទឹក និងភាពធន់នៃទឹក ដើម្បីកំណត់ផ្លូវប្រកបដោយនិរន្តរភាពសម្រាប់ភាពធន់ និងការសម្របខ្លួននៅក្នុងអាងទន្លេសាប៕
























