នៅថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារអាជ្ញាធរទន្លេសាប ប្រជុំពិភាក្សាផ្ទៀងផ្ទាត់ទិន្នន័យលទ្ធផលចុះពិនិត្យ វាយតម្លៃការប្រើប្រាស់ដីធ្លីតំបន់បឹងទន្លេសាប នៅសាលាស្រុកកំពង់លែងដែលមានការចូលរួមពីលោកអភិបាល យឹម លក្ខិណា និងលោកអភិបាលរងនៃគណ:អភិបាលស្រុកកំពង់លែង ព្រមទាំងមន្ត្រីអង្គភាពជំនាញពាក់ព័ន្ធ អមដោយកម្លាំងបញ្ជាការដ្ឋានកងទ័ពជេីងគោក និងកងកម្លាំងសមត្ថកិច្ចស្រុក ឃុំ។ មុនកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងតាមទីតាំងបន្ទាត់កំណត់ព្រំតំបន់៣ដែលជាតំបន់ព្រៃលិចទឹកត្រូវការពារសម្រាប់ជម្រកជីវចម្រុះ ត្រីពង កូន ដែលជាប្រភពអាហារចិញ្ចឹមប្រជាពលរដ្ឋ ហេីយព្រៃលិចទឹកក៏ជាតម្រង់ធម្មជាតិទ្រទ្រង់បរិស្ថានបឹងទន្លេសាបឱ្យមាននិរន្តរភាព។
ជាមួយគ្នានោះដែរក្រុមការងារក៏បានចុះពិនិត្យផ្ទៃដីរងការទន្ទ្រានថ្មី និងការបន្តចូលអាស្រ័យផលក្នុងតំបន់តំបន់៣ កំណត់ទីតាំងអាទិភាពបញ្ចូលក្នុងផែនការដាំស្ដារព្រៃលិចទឹកឡើងវិញនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សូមជម្រាបជូនផងដែរថា ស្រុកកំពង់លែង មានផ្ទៃដីប្រេីប្រាស់ដែលបានកំណត់រួមមាន ៖
- តំបន់១ ចំនួន: ១៣,១៣១.៦១ហិកតា
- តំបន់២ ចំនួន: ២៣,១៣៨.៦០ហិកតា
- តំបន់៣ ចំនួន: ៥៨,៤៣០.៤២ហិកតា។
- បង្គោលព្រំតំបន់៣ចំនួន :135
- បង្គោលកាត់ឆ្វៀលចំនួន :131
កំពុងដំណេីរការពិនិត្យសុពលភាព បាញ់ថ្នាំនិងបង់លេខសម្គាល់៕



















