នាថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប រួមជាមួយឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ចុះពិនិត្យទីតាំងដីព្រៃលិចទឹកក្នុងតំបន់៣ ដែលរងការទន្ទ្រានកន្លងមក ស្ថិតក្នុងភូមិសាស្ត្រឃុំសង្វើយ និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ការចុះពិនិត្យនេះដែរ ទទួលបានកិច្ចសហការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង ក្រុមប្រឹក្សាឃុំ តំណាងមន្ទីរធនធានទឹក និងឧតុនិយម ខណ្ឌរដ្ឋបាលជលផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង ខេត្តសៀមរាប។ ចំពោះទីតាំងព្រៃលិចទឹកក្នុងតំបន់៣ ខាងលេីក្រុមការងារពិនិត្យឃេីញថា អាជ្ញាធរស្រុករួមជាមួយជំនាញពាក់ពន្ធ័បានសហការទប់ស្កាត់បានល្អ ពុំមានការបន្តចូលទីតាំងទន្ទ្រានចាស់ និងការកាប់ឈូសឆាយព្រៃលិចទឹកថ្មីឡេីយ។
សូមជម្រាបជូនថា អាជ្ញាធរទន្លេសាប មានភារកិច្ចអនុវត្តការងារជាប្រចាំលើកិច្ចការពារ ថែរក្សា អភិរក្សធនធានធម្មជាតិជាពិសេសព្រៃលិចទឹកក្នុងតំបន់៣ តាមបណ្តាខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕
























