នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមអ្នកជំនាញការចិន នៃគណៈកម្មាការធនធានទឹកឆាងជាំង (Changjiang Water Resources Commission) ដឹកនាំដោយ Mr. Hu Bo ប្រធានផ្នែក Division Chief of Changjiang Water Resources Commission ដើម្បីពិភាក្សាការងារ និងទស្សនកិច្ចសិក្សាប្រមូលព័ត៌មានក្រោមគម្រោង “Lancang-Mekong Smart Eyes Action-Joint Research on the Technology and Standards Intelligent Hydrological Monitoring in the Mekong River” នៅលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។
កិច្ចប្រជុំពិភាក្សានេះ ក្នុងគោលបំណង៖
១. បង្ហាញគម្រោងសហការដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិន “Lancang-Mekong Smart Eyes Action – Joint Research on the Technoloogy and Standards of Intelligent Hydrological Monitoring in the Mekong River”
២. ការចុះទស្សនកិច្ចសិក្សា ពិនិត្យទីតាំងអាទិភាពសម្រាប់ដំឡើងស្ថានីយត្រួតពិនិត្យកករដីល្បាប់ស្វ័យប្រវត្តិនៅដងទន្លេសាប
៣. ការងាររៀបចំផែនការ និងការសាងសង់បណ្តាញស្ថានីយជលសាស្ត្រ និងឧតុនិយម នៅអាងទន្លេសាប
៤. អំពីការរៀបចំគម្រោងថ្មី “មជ្ឈមណ្ឌលជាតិធនធានទឹកកម្ពុជា”។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីសកម្មភាពនៃគម្រោងដែលបានស្នើសុំរួមគ្នាចំនួនពីរ ដែលភាគីទាំងពីរបានរៀបចំដាក់ពាក្យស្នើសុំថវិកាគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ ២០២៦ ខាងមុខ។
សូមបញ្ជាក់ជូនថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីចិនបានផ្តល់ការគាំទ្រ និងអញ្ជើញថ្នាក់ដឹកនាំរួមជាមួយមន្ត្រីជំនាញបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាល និងចូលរួមសន្និសីទអន្តរជាតិ នៅសាធារណៈរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ៕













