នាថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប រួមសហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ស្ទឹងសែនផ្នែកខាងក្រោម ចាប់ពីទីតាំងព្រែកស្បូវ អូរលោក អូរវ៉ាយ និងអូរបាក់ទូក ស្ថិតក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន រហូតទៅតាមបណ្តាទីតាំងអូរតាអ៊ូ អូរសំបួរ កោះគ្រាប់បាយ កំពង់គោលើ កំពង់គោក្រោម អូរទូចឡឹក បឹងរៀល បឹងមូល កែងយាយល័យ ប្រឡាយព្រះស្នែង បឹងទទឹងថ្ងៃ វត្តទួលតារស់ និងប្រឡាយព្រះគន្លង ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ការចុះពិនិត្យនេះ គឺដើម្បីប្រមូលព័ត៌មានទិន្នន័យ អំពីកម្ពស់ទឹក ស្ថានភាពរបបជលសាស្ត្រទឹកជំនន់ សម្រាប់ធ្វើការវិភាគវាយតម្លៃមូលហេតុដែលបណ្តាលឱ្យមានការជន់លិច ធ្វេីឱ្យមានការខូចខាត និងរងផលប៉ះពាល់ផ្សេងៗ ឈានទៅសម្របសម្រួលរៀបចំផែនការសកម្មភាពឆ្លើយតបទាន់ពេលវេលា ក៏ដូចជាចាត់វិធានការបង្ការនៅតាមទីតាំងដែលងាយរងគ្រោះ៕

















