នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពីចម្ងាយតាមរយៈ (Zoom Meeting) រវាងក្រុមការងារអាជ្ញាធរទន្លេសាប ជាមួយក្រុមការងារបច្ចេកទេស នៃវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង (Nanijing Hydraulic Research Institute-NHRI) (NHRI) ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយ Dr. Divid Zhou ។ ក្នុងជំនួបនេះភាគីទាំងបានពិភាក្សា ផ្តោតសំខាន់លើ៖ (១).ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយូរអង្វែង រវាងអាជ្ញាធរទន្លេសាប និងភាគីចិនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង (Nanijing Hydraulic Research Institute-NHRI) ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន (២). ចែករំលែកបទពិសោធន៍ ទិន្នន័យព័ត៌មានអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងធនធានទឹកចម្រុះ បរិស្ថាន និងបញ្ហាប្រឈមនានា ដែលបាន និងកំពុងកើតមានឡើងនៅបឹងទន្លេសាប និងបឹងមួយចំនួននៅប្រទេសចិន (៣). ពិនិត្យនិងពិភាក្សាលើការកិច្ចសហប្រតិបត្តិការលើការផ្តួចផ្តើមសិក្សារៀបចំគម្រោងអនុវត្តរួមគ្នាស្តីពី“ គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) សម្រាប់ទន្លេសាប”ដែលទទួលហិរញ្ញប្បទានពី (GEF) បន្ទាប់ពីតំណាងវិទ្យាស្ថានស្រាវជ្រាវធារាសាស្ត្រណានជីង(NHRI) ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិនបានធ្វើបទបង្ហាញ ពី “ Tonle Sap & GEF Brainstorming “៕


















