នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អមដំណើរដោយមន្ត្រីបច្ចេកទេស ដោយបានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានចុះពិនិត្យមើលការទន្ទ្រាន ការបន្តអាស្រ័យផលស្រូវប្រាំងនៅក្នុងដីតំបន់២ និងតំបន់៣ នៃដែនព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សូមជម្រាបជូនថា ការចុះអធិការកិច្ចខាងលើនេះ ក្រុមការងារបានចុះទៅដល់ទីតាំងផ្ទាល់ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលក្រុងស្ទឹងសែន អភិបាលរងស្រុកសន្ទុក គណៈបញ្ជាការស្រាល កងកម្លាំងទាំង៣ អង្គភាព លោកមេឃុំ លោកមេភូមិ និងមន្ទីរជំនាញពាក់ព័ន្ធ។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនអំពី សារ:សំខាន់នៃតំបន់៣ ដែលត្រូវរួមគ្នាការពារ និងថែរក្សាព្រមទាំងបានណែនាំដល់អាជ្ញាធរដែនដីចូលរួមទប់ស្កាត់ ការទន្ទ្រានដោយបន្តចូលអាស្រ័យផលក្នុងដីតំបន់៣ ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ ជាពិសេសពង្រឹងលើយន្តការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត ដែលមានជាធរមាន៕









