Tuesday, March 17, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ស្តីពី​ការរៀបចំ​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប រួមទាំង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដែលមាន​ការចូលរួម​ពី លោក អ៉ឹ​ង គឹម​លាង អភិបាលរង តំណាង ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មន្ទីរជំនាញ​ពាក់ព័ន្ធ​មានដូចជា​៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​អភិវឌ្ឍន៍ជនបទ រួមទាំង​អាជ្ញាធរ ស្រុក ឃុំ ពាក់ព័ន្ធ​តំបន់​បឹង​ទន្លេសាប ដែលមាន​សមាសភាព​ស​រុ​ប​ចំនួន ៤៦​រូប​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​៖

  • បទ​បង្ហាញ​ដោយ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ទន្លេសាប អំពី​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ក្នុង​តំបន់​រង​ការទន្ទ្រាន តំបន់​ព្រៃ​រេច​រិល តំបន់​ភ្លើង​ឆេះ​ព្រៃ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​
  • ពិភាក្សា​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បច្ចុប្បន្នភាព​ផែនការ​អនុវត្ត​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ឱ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​
  • ចែករំលែក​ទិន្នន័យ​ព័ត៌មាន ផ្លាស់ប្តូរ​បទពិសោធន៍ និង​បច្ចេកទេស ពាក់ព័ន្ធ​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​។​
    ​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានបញ្ជាក់​ពី​សារៈសំខាន់​ពី​តំបន់​បឹង​ទន្លេសាប និង​ជាពិសេស​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ដែល​រាជរដ្ឋាភិបាល​បានប្រគល់​កិច្ចការងារ​នេះ​ដល់​អាជ្ញាធរ​ទន្លេសាប ក្នុងការ​រៀបចំ​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ក្នុង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​សៀមរាប ដែល​បានផ្តល់​កិច្ចសហការ​ណ៍​យ៉ាង​ល្អប្រសើរ និង​ចូលរួម​ពិភាក្សា​យ៉ាង​ផុលផុស​ក្នុងការ​កំណត់​ទីតាំង​អាទិភាព​ដែលជា​ព័ត៌មាន​បឋម និង​ជា​ធាតុ​ចូល​យ៉ាងសំខាន់​សម្រាប់​បញ្ចូល​ក្នុង​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។
    ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ទន្លេសាប និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​បានធ្វើ​បទ​បង្ហាញ ព្រមទាំង​ផ្លាស់ប្តូរ​មតិយោបល់​លើ​គោលការណ៍​បច្ចេកទេស​នៃ​ការដាំ​ស្តារ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។ ជា​ទិសដៅ​បន្ត​ក្រុមការងារ​ជំនាញ​នឹង​ចុះ​ពិនិត្យ​វាយតម្លៃ​បន្ថែម​ទៅលើ​តំបន់​អាទិភាព​ជាក់ស្តែង ក្នុង​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ដើម្បី​ដាក់ចូល​ក្នុង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២៦ និង​ឆ្នាំ​បន្តបន្ទាប់​។​
    ​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​រដ្ឋបាល​ខេត្តសៀមរាប ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​តំបន់​៣ ដែល​រង​ការទន្ទ្រាន​កន្លងមក នៅ​តំបន់​ចំការ​សណ្តែក ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​តា​ច្រនាង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយមាន​កិច្ចសហការ​ចូលរួម​ពី​លោក ជុំ ចាន់​ថេ​ង អភិបាលរង ស្រុក​សូទ្រនិគម លោក យូ តេង​បឿ​ង ភូមិបាល​ស្រុក លោក សុខ សុង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​សូទ្រនិគម និង​លោក ប៉ា ប៉ូរ មេឃុំ​កំពង់​ឃ្លាំង​។​
    ​សូមបញ្ជាក់​ផងដែរ​ថា យោង​លើ​លិខិត​លេខ ៦៩៦ សជណ​.​កធ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបាន​ឯកភាព​ជាគោលការណ៍ ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​អាជ្ញាធរ​ទន្លេសាប​) សហការ ជាមួយ​ក្រសួង ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​នៃ​ខេត្ត​ទាំង​៦ និង​សហគមន៍ ស្ថិតនៅក្នុង​ខេត្ត​ជុំវិញ​តំបន់​បឹង​ទន្លេសាប ធ្វើ​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ នៅតាម​ទីតាំង​ដែល​រង​នូវ​ការទន្ទ្រាន​នាពេល​កន្លងមក និង​តំបន់​រេច​រិល ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍