Friday, March 13, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ស្តីពី​ការរៀបចំ​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ស្តីពី ការរៀបចំ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ដែលមាន​ការចូលរួម​ពី ឯកឧត្តម ឃ្លោក នួ​យ អភិបាលរង តំណាង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ មន្ទីរជំនាញ​ពាក់ព័ន្ធ​មានដូចជា​៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខណ្ឌ​រដ្ឋបាល​ជលផល មន្ទីរ​អភិវឌ្ឍន៍ជនបទ អភិបាល អភិបាលរង​ស្រុក រួមទាំង​អាជ្ញាធរ​ឃុំ​ពាក់ព័ន្ធ ដែលមាន​សមាសភាព​ស​រុ​ប​ចំនួន ១៧​រូប​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​៖

  • បទ​បង្ហាញ​ដោយ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ទន្លេសាប អំពី​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ក្នុង​តំបន់​រង​ការទន្ទ្រាន តំបន់​ព្រៃ​រេច​រិល តំបន់​ភ្លើង​ឆេះ​ព្រៃ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​
  • ពិភាក្សា​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បច្ចុប្បន្នភាព​ផែនការ​អនុវត្ត​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ឱ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ទីតាំង​ភូមិសាស្ត្រ​នៅក្នុង​មូលដ្ឋាន​នីមួយៗ​
  • ផ្លាស់ប្តូរ​បទពិសោធន៍ និង​បច្ចេកទេស​ពាក់ព័ន្ធ​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ព្រមទាំង​ចែករំលែក​ព័ត៌មាន​ទិន្នន័យ ដើម្បី​អនុវត្ត​ផែនការ​រួមគ្នា​ប្រកបដោយ​ប្រសិទ្ធភាព​។​
    ​ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ក្នុងការ​សម្របសម្រួល​ដ​ល់​ក្រុមការងារ​ជំនាញ​អាជ្ញាធរ​ទន្លេសាប ជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​នានា អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ ដោយបាន​ពិភាក្សា​រួមគ្នា​លើ​ការកំណត់​ទីតាំង​អាទិភាព​សម្រាប់​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​។ បន្ទាប់ពី​ការ​បូកសរុប​ទិន្នន័យ​ព័ត៌មាន​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ជា​ទិសដៅ​បន្ត​ក្រុមការងារ​ជំនាញ​នឹង​ចុះ​ពិនិត្យ​វាយតម្លៃ​បន្ថែម​ទៅលើ​ទីតាំង​ជាក់ស្តែង និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ក្នុង​តំបន់​បឹង​ទន្លេសាប​។​
    ​សូមបញ្ជាក់​ផងដែរ​ថា យោង​លិខិត​លេខ ៦៩៦ សជណ​.​កធ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបាន​ឯកភាព​ជាគោលការណ៍ ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​អាជ្ញាធរ​ទន្លេសាប​) សហការ ជាមួយ​ក្រសួង ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​នៃ​ខេត្ត​ទាំង​៦ និង​សហគមន៍ ស្ថិតនៅក្នុង​ខេត្ត​ជុំវិញ​តំបន់​បឹង​ទន្លេសាប ធ្វើ​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ នៅតាម​ទីតាំង​ដែល​រង​នូវ​ការទន្ទ្រាន​នាពេល​កន្លងមក និង​តំបន់​ដែល​រេច​រិល​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍