Thursday, March 12, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង ស្តីពី​ការរៀបចំ​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​

​នា​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង ស្តីពី ការរៀបចំ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ដែលមាន​ការចូលរួម​ពី ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង តំណាង ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មន្ទីរជំនាញ​ពាក់ព័ន្ធ​មានដូចជា​៖ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មន្ទីរ​អភិវឌ្ឍន៍ជនបទ រួមទាំង​អាជ្ញាធរ ស្រុក ឃុំ ពាក់ព័ន្ធ​តំបន់​បឹង​ទន្លេសាប ដែលមាន​សមាសភាព សរុប​ចំនួន ៤០​រូប​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​៖

  • បទ​បង្ហាញ​ដោយ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ទន្លេសាប អំពី​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ក្នុង​តំបន់​រង​ការទន្ទ្រាន តំបន់​ព្រៃ​រេច​រិល តំបន់​ភ្លើង​ឆេះ​ព្រៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​
  • ពិភាក្សា​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បច្ចុប្បន្នភាព​ផែនការ​អនុវត្ត​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ឱ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​
  • ចែករំលែក​ទិន្នន័យ​ព័ត៌មាន ផ្លាស់ប្តូរ​បទពិសោធន៍ និង​បច្ចេកទេស​នានា ពាក់ព័ន្ធ​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​។​
    ​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​តំបន់​បឹង​ទន្លេសាប និង​ជាពិសេស​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ដែល​រាជរដ្ឋាភិបាល​បានប្រគល់​កិច្ចការងារ​នេះ​ដល់​អាជ្ញាធរ​ទន្លេសាប ក្នុងការ​រៀបចំ​ផែនការ ការអនុវត្ត​ការងារ និង​បាន​ថ្លែង អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បាត់ដំបង បានផ្តល់​កិច្ចសហការ​ណ៍​យ៉ាង​ល្អ​ក្នុងការ​សម្របសម្រួល​ដ​ល់​ក្រុមការងារ​ជំនាញ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​។​
    ​កិច្ច​ប្រជុំបាន​ពិភាក្សា​យ៉ាង​ផុសផុល ដោយមាន​ការចូលរួម​ផ្តល់ព័ត៌មាន​ធាតុ​ចូល​ល្អៗ​ជាច្រើន​ពី​មន្ទីរជំនាញ​ពាក់ព័ន្ធ រដ្ឋបាល ស្រុក ឃុំ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​៣ និង​ស្នើឱ្យ​មានការ​ពិភាក្សា​រួមគ្នា​ជាបឋម​ដើម្បី​កំណត់​ទីតាំង​អាទិភាព​សម្រាប់​ការដាំ​ស្តារឡើងវិញ​។
    ​ក្រុមការងារ​បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង នៃ​តំបន់​ដែល​ត្រូវ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ក្នុងភូមិ​សាស្ត្រ តំបន់​ចុង​តា​អួរ ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។
    ​សូមបញ្ជាក់​ផងដែរ​ថា យោង​លិខិត​លេខ ៦៩៦ សជណ​.​កធ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបាន​ឯកភាព​ជាគោលការណ៍ ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​អាជ្ញាធរ​ទន្លេសាប​) សហការ ជាមួយ​ក្រសួង ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​នៃ​ខេត្ត​ទាំង​៦ និង​សហគមន៍ ស្ថិតនៅក្នុង​ខេត្ត​ជុំវិញ​តំបន់​បឹង​ទន្លេសាប ធ្វើ​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ នៅតាម​ទីតាំង​ដែល​រង​នូវ​ការទន្ទ្រាន​នាពេល​កន្លងមក និង​តំបន់​រេច​រិល ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍